បញ្ហាចោរកម្មនិងបទល្មើសផ្សេងទៀតត្រូវបានចាត់ការទាន់ពេលបន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកស្នងការ…

ដោយ នាយ​តេវ

ខេត្តតាកែវ ៖ ជនសង្ស័យពីរនាក់ត្រូវបានប៉ូលីសស្រុកត្រាំកក់ធ្វើការឃាត់ខ្លួនជាមួយនិងវត្ថុតាង ក្រោយពីពលរដ្ឋរាយការណ៍ ថា បានយកម៉ូតូមកលក់ មានភាពមិនប្រក្រតីគួរឲ្យសង្ស័យ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១៧និង២០នាទី នៅចំណុចភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់។

ប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកបានប្រាប់ថា មុនឈានដល់ការចាប់ខ្លួន គឺមានប្រជាពលរដ្ឋបានរាការណ៍ថា មានជនសង្ស័យចំនួន២នាក់ដែលមានឈ្មោះ រិន សម្ភស្ស ភេទប្រុស អាយុ ៤១ឆ្នាំបច្ចុប្បន្នរស់នៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ និង ឈ្មោះ ម៉េត ណន ភេទប្រុស អាយុ៤៤ឆ្នាំបច្ចុប្បន្នរស់នៅភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ បានយក ម៉ូតូ០១គ្រឿងដែលគួរឲ្យសង្ស័យម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៍ខ្មៅ គ្មានផ្លាកលេខមកលក់ឲ្យប្រជាពលរដ្ឋ។

ក្រោយទទួលបានពត៌មានភ្លាមសមត្ថកិច្ចស្រុកបានចុះទៅកន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់យក មកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី០៨ មិថុនា ឆ្នាំ២០១៩ ម៉ោង៨និង៣០នាទី ខ្លួនបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះថាទៅទិញស្រាបៀរយកមកហូបរួចក៏ជិះម៉ូតូគេចខ្លួន លុះដល់ថ្ងៃចាប់ខ្លួន ពួកគេបានយកម៉ូតូមកលក់ឲ្យប្រជាពលរដ្ឋនៅភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ក៏ត្រូវអស់លក្ខតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានប៉ូលីសនៃអធិការនគរបាលស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនទៅលាសាដំបូងខែត្តតាកែវចាត់ការតាមនីតិវិធី។

សូមរំលឹកថា កន្លងមកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្តតែងតែដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះសត្ថកិច្ចជំនាញតាមមូលដ្ឋាននីមួយៗត្រូវតែធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបានរាល់បទល្មើសដែលបានកើតនៅតំបន់របស់ខ្លួន ដើម្បីជួយធានាដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។