រថយន្តរត់តាក់ស៊ីដឹកសំបកបាវ ដាច់ហ្វ្រាំងបុកទម្លុះចូលផ្ទះលក់ចាប់ហួយខ្ទេច របួសធ្ងន់ស្រាល៥នាក់…

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តរត់តាក់ស៊ីដឹកសំបកបាវ មកពីខេត្តតាកែវមួយគ្រឿង បើកបរលឿនពេកខ្វះការប្រុងប្រយត្ន័ដាច់ហ្វ្រាំង បានបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ ខ្ទេចរប៉ាត់រប៉ាយ បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ និង៤នាក់ទៀតរបួសស្រាល បណ្តាលឲ្យរងការខូចខាតអីវ៉ាន់លក់ដូរមួយចំនួន និងរងការខូចខាតម៉ូតូមួយគ្រឿងរបស់លោកអ៊ុម្នាក់ផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់អីវ៉ាន់ចាប់ហួយយីហោ ចរិយា លក់គ្រឿងទេស និងភេសជ្ជៈ រាយគ្រប់មុខ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ ជ្រុញ ង៉ែត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ យួន ស្រីយ៉ា អាយុ៣៤ឆ្នាំ រងរបួសធ្ងន់បែកក្បាលហូរឈាម បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែក៤នាក់ទៀតរងរបួសស្រាល ។ ខូចខាតសម្ភារៈលក់ដូរមួយចំនួនធំ និងខ្ទេចម៉ូតូមួយគ្រឿងម៉ាកវីវ៉ាផងដែរ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2Y-9356 រត់តាក់ស៊ីដឹកសំបកបាវ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រី២នាក់ទៀត ចេញពីស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីលិចមកកើត ដោយល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ លុះដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ស្រាប់តែរថយន្តដាច់ហ្វ្រាំង ជាន់មិនស៊ី បានជ្រុលមកបុកទម្លុះចូលផ្ទះលក់ចាប់ហួយមួយកន្លែងទាំងកំរោល បណ្តាលឲ្យស្ត្រីជាម្ចាស់តូបរងរបួសធ្ងន់បែកក្បាលហូរឈាម និងបណ្តាលឲ្យខ្ទេចអីវ៉ាន់លក់ដូរយ៉ាងដំណំ និងបណ្តាលឲ្យមនុស្ស៤នាក់ទៀតរងរបួស ថែមទាំងខ្ទេចម៉ូតូម៉ាកវីវ៉ាមួយគ្រឿងផងដែរ។

ភ្លាមៗសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ដោយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងបាននាំយករថយន្តបង្ក រួមទាំងវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕