រថយន្តកូរ៉េឃ្លប់ដឹកទំនិញ បុកម៉ូតូរទេះលក់បបរ រួចបន្តទៅពន្លះរថយន្តឡិចស៊ីស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ៖ រថយន្តកូរ៉េឃ្លប់ដឹកទំនិញមួយគ្រឿង បើកបោះពួយលឿន ជ្រុលទៅបុក ម៉ូតូរទេះលក់បបរ ហើយបន្តបុករថយន្តលុចស៊ីស និងរថយន្ត CHEVROLET មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវវេងស្រេង ចំណុចភ្លើងស្តុប ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ដឹកទំនិញ ពណ៌ស 3C-9842 បើកល្បឿនលឿនពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូរទេះលក់បបរ ម៉ាកហុងដា សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D-2191 បណ្តាលឲ្យដាច់រទេះ ពីម៉ូតូ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុក រថយន្តឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-7736 រុញទៅបុកបន្តជាមួយរថយន្តម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1222 មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ ភាគីរថយន្តបង្ក មានតំណាងមកដល់ សម្របសម្រួល សុខចិត្តចេញសងថ្លៃខូចខាត ម៉ូតូ រថយន្តទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕