ក្រសួងការពារជាតិ អំពាវនាវដល់សមត្ថកិច្ចតាមចាប់អ្នកបង្កើត Facebook យករូបសម្តេចពិជ័យ សេនា ទៀ បាញ់ រិះគន់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារ ជាតិ បានបង្ហោះកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះថា ៖ នាថ្មីៗនេះ មានហ្វេសបុកមួយ ឈ្មោះ Gro Angel បានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាល កម្ពុ ជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ខ្លឹមសារចោទប្រកាន់ នានា ដែលបានបង្ហោះនៅលើហ្វេសបុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមព្រមានដល់ជនដែលបង្កើតហ្វេសបុកមួយនេះឱ្យបញ្ឈប់ការ ប្រើប្រាស់រូប សម្តេចពិជ័យសេនាជាបន្ទាន់ ហើយអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវ ចំពោះ អ្នកហ្វេសបុកឈ្មោះ Gro Angel នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕