ផលិតផល​ក្លែងក្លាយ ខុស​ច្បាប់​ចំនួន ​៧០ ​តោន នឹង​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃស្អែក​នេះនៅ​ទីលាន​ដី​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ៦០​ ម៉ែត្រ…

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) បាន​សេចក្តីប្រកាស​ព័ត៌មាន របស់ ស្តី​ពី​ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ ខុស​ច្បាប់​ចំនួន​ ៧០​ តោន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី ​១២ ខែ​មីនា ឆ្នាំ ​២០១៩ វេលា​ម៉ោង ៨ និង ០០​ព្រឹក នៅ​ទីលាន​ដី​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ៦០​ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ ខុស​ច្បាប់​ចំនួន​ ៧០ ​តោន ដែល​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរណ៍ ស្តុក​ទុក ផលិត និង​ចែកចាយ​នា​ពេលកន្លង មក​។​

​ពិធី​នេះ​ក៏​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​ទៀត​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ម៊ុ​ត ចន្ថា អតីតមន្ត្រី​គណបក្សប្រឆាំង ក៏​បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​ ១១​ មីនា​នេះ​ថា សូម​កោតសរសើរ ដល់​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប និង​ចាប់បាន​ទំនិញ​ក្លែងក្លាយ ៧០​ តោន​។

យើង​សូម​លើកទឹកចិត្ត​ថា ប្រសើ​រ​បំផុត ពុំ​គួរ​បណ្តោយ​ឲ្យ​ទំនិញ​ទាំងនេះ ឆ្លងកាត់​ព្រំដែន​ចូលមក​ដល់​ទីផ្សារ​ចែកចាយ និង​ប្រើប្រាស់​ទេ​៕​ ​