ទីតាំង​ជល់មាន់​បង្កប់​ក្នុង​ចំការកៅ​ស៊ូ​ក្នុង​ស្រុកសន្ទុក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​សម្រេច​

កំពង់ធំ ​៖ ក្រោយ​ទទួលបាន​សេចក្តី​រាយការណ៍ពីប្រជាពលរដ្ឋ​ ទាក់ទិន​នឹង​ទីតាំង​ជល់មាន់​បង្កប់​ក្នុងចំការកៅស៊ូ ឃុំ​បឹង​ល្វា​ ស្រុកសន្ទុក ខេត្ត​កំពង់ធំ ដែលបាន​លេងជាយូណាស់មក​ហើយ ទើប​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ដឹកនាំដោយ​លោក​ ដួង សារ៉ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​កំពង់ធំ និង​ដក​ហូត​បាន​ម៉ូតូ​ចំនួន​១២គ្រឿង​។

បើតាម​សមត្ថកិច្ច​ បានថ្លែង​ប្រាប់នៅថ្ងៃទី​២៦ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះថា ក្រោយ​ទទួលបាន​ការ​បញ្ជាផ្ទាល់ពី​លោក​ព្រះរាជអាជ្ញារង​លោក ដួង សារ៉ន ភ្លាមៗ កម្លាំងសមត្ថកិច្ចបានធ្វើការ​ចុះបង្ក្រាបទីតាំង​ល្បែង​ជល់មាន​ដុះស្លែ​ ស្ថិតនៅ​ចំណុច​ចំការ​កៅស៊ូ ឃុំបឹងល្វា​ ស្រុកសន្ទុក ខេត្ត​កំពង់ធំ​។ ប្រតិបត្តិការ​នៃការ​ចុះបង្ក្រាប​ទីតាំង​ល្បែង​ខាងលើនេះ បាន​ធ្វើឡើង​កាលពីថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ២០១៩ ដោយ​កម្លាំងសមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ និង​បាន​ដកហូត​ម៉ូតូ​ចំនួន​២២​គ្រឿង ចាប់ខ្លួន​មនុស្ស​បាន​៤នាក់​ ព្រមទាំង​បាន​វត្ថុតាងមួយចំនួន​ទៀត​។

បន្ទាប់ពីបានធ្វើការ​បង្ក្រាប​ ប្រជាពលរដ្ឋ​បានថ្លែង​ប្រាប់ឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ខាងលើនេះ សង្ស័យ​មាន​ការ​ពាក់ពន្ធ័ជាមួយ​លោក ហាក់ សារ៉ាត នាយ​ប៉ុស្តិ៍នគរបាល​បឹងល្វា ដែលលោក​មិន​បាន​ធ្វើការ​បង្ក្រាបទាល់តែសោះ ព្រោះ​ទីតាំង​​នោះ​ស្ថិតនៅក្នុង​តំបន់របស់លោក។​ លោក​មេប៉ុស្តិ៍រូប​នេះ​មិន​បាន​យកចិត្ត​ទុកដាក់​នឹង​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ភូមិឃុំទាំង​៩ចំណុច​ទាល់តែសោះ ហាក់ដូច​ជាមាន​ការផ្គើន​ខ្លាំង​មែនទែន​ ព្រោះល្បែង​ស៊ីសង​ទាំងនោះ​នៅ​ជិត​បង្កើយ​ដៃលោក​ហើយ តែម្តង​បាន​មើលមិន​ឃើញ​។

សូមបញ្ជាក់ថា ទីតាំងបនល្បែងស៊ីសង បៀរ អាប៉ោង ក្រោមឃ្លៀករបស់លោក ហាក់ សារ៉ាត់ មេប៉ុស្តិ៍បឹងល្វានេះ បានបង្រ្កាបជាលើកទី៣មកហើយ នៅកន្លែងដដែលៗ ដែលទើបធ្វើឲ្យមានការសង្ស័យថា ការបើកបនល្បែងស៊ីសង ក្នុងចំការកៅស៊ូនេះ មានការពេញចិត្ត និងបើកភ្លើងខៀវពីលោកមេប៉ុស្តិ៍៕ ដោយ ៖ ទេព វីរៈ