ឧត្តម​សេនីយ៍ឯក ​ហ៊ុន ម៉ា​ណែ​ត ៖ ការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខ​ប្រជាព​ល​រដ្ឋ

កំពង់ស្ពឺ ៖ នេះ​ជា​ការ​ថ្លែង​របស់ ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពលខេម​រ​ភូមិន្ទ​​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ក្នុង​ពិធី​សម្តែង​លំ​ហាត់​សំយោគ​អន្តរា​វុ​ធ បញ្ចប់​វគ្គ​របស់​និស្សិត នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​៧ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក (​ថ្លុក​តា​សេក​) ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត​ បាន​ថ្លែង​ថា ប្អូន​ៗ​តាំងពី​មិន​ទាន់​ដឹង​អ្វី​ទាំង​អស់ពី​កងទ័ព ក្លាយជា​នាយ​ទាហាន​​មានចំណេះ​ដឹង មាន​សមត្ថភាព​ជំនាញ មាន​វិន័យ​សណ្ដាប់ធ្នាប់ ដែល​នេះ​គឺជា​ការ​អភិវឌ្ឍ​ប្រកបដោយ​មោទ​ន​ភាព​​ណាស់​។ សូម​អបអរសាទរ​ចំពោះ​លទ្ធផល​របស់​ប្អូន​ៗ និស្សិត​នាយទាហាន​ទាំងអស់ និង​សូម​អបអរសាទរ​ផង​ដែរ ចំពោះ​យោធា​ចា​រ្យ គណៈ​គ្រប់គ្រង​វគ្គ គណៈ​គ្រប់គ្រង​សាលា និង​បុគ្គលិក​គ្រប់​ថ្នាក់​ទាំងអស់​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​សម្រាប់​កងទ័ព​របស់​យើង​។

ឯកឧត្តម​បានបន្តថា សមត្ថភាព​ទាំង​អស់នេះ គឺជា​សមត្ថភាព​មូលដ្ឋាន​គ្រឹះ​ដើម្បី​ចែករំលែក និង​បំពេញបន្ថែម​នៅ​ពេល​ដែល​​យើង​ចេញ​ទៅ​អនុវត្ត​។ នៅ​ក្នុង​ឱកាស​នេះ​ក៏​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​ចិន ដែល​ជា​និច្ច​កាល​តែងតែ​ជួយ​បណ្ដុះបណ្ដាល កសាង​ហេ​ដ្ឋា​សម្ព័ន្ធ​ផ្សេង​ៗ​។ ជា​ពិសេស​ផ្តល់​លទ្ធភាព​ឲ្យ​ប្អូន​ៗ​បាន​ចេញ​ទៅ​បំប៉ន​បន្ថែម​​នៅ​ប្រទេស​ចិន​តាម​ជំនាញ​របស់​ខ្លួន និង​សូម​បន្ត​ការ​ជួយ​ការងារ​នេះ​តទៅ​ទៀត​ដោយ​សង្ឃឹមថា ភាគី​ចិន​ជួយ​កាន់​តែ​ច្រើន​។

មេបញ្ជាការ​កងទ័ព​ជើងគោក​រូបនេះ​​បាន​បញ្ជាក់ថា យើង​រឹង​មាំ​ខ្លួនឯង ការពារ​ជាតិ​ខ្លួនឯង សេដ្ឋកិច្ចជាតិ​ឯង​រឹង​មាំ​។ EBA មិន​ធ្វើ​អោយ​យើង​ស្លាប់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ធ្វើ​អោយ​យើង​ខ្លាំង​រឹង​មាំ ធ្វើ​ឲ្យ​យើង​ម្ចាស់​ការ​ខ្លួនឯង កាន់តែ​ស្គាល់​​ខ្លួនឯង កាន់តែ​ពង្រឹង​ខ្លួនឯង ដើម្បី​ជាតិរស់​ដោយ​ខ្លួនឯង​។ ដូច្នេះ​កងទ័ព​ត្រូវ​មាន​មោទនភាព​ជាតិខ្មែរ ការពារ​បូរណ​ភាព​ទឹកដី មាន​ជំហរ​នឹងនរ​ច្បាស់លាស់ ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង​ត្រូវ​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋាភិបាល​ស្របច្បាប់​។ ខ្ញុំ​ជឿជាក់​ថា ប្អូន​ៗ​មិន​ចង់​ឃើញ​ប្រទេស​របស់​យើង​ហែក​ជា​ពីរ​ជា​បី កាប់​សម្លាប់​គ្នា​ផ្ទៃក្នុង​ដូច​ពី​អតីត​កាលនោះ​ទេ​។ ដូច្នេះ គោលដៅ​ធំ​របស់​យើង​ត្រូវ​ការពារ​សុខ​សន្តិភាព ការពារ​ស្ថិរភាព ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ និង​សម្រាប់​ខ្មែរ​តែ​មួយ​។

ការពារ​ប្រឆាំង​ជន​ណា​ដែល​ញុះញង់​ទាញ​ដើម្បី​បម្រើ​នយោបាយ​ណាមួយ​ដែល​អាច​អោយ​បែកបាក់​ផ្ទៃក្នុង និង​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព សេចក្តីសុខ​ប្រជាពលរដ្ឋ​។ លោក​សូម​ឲ្យ​ប្អូន​ៗ​ខិតខំ​តស៊ូ ប្រឹងប្រែង អត់ធ្មត់​បន្ត​ទៀត​ដើម្បី​ភាព​ជោគជ័យ​ទាំង​ក្នុង​សាលា និង​នៅ​ពេល​អនាគត​។ នេះ​គឺជា​មោទនភាព​ណាស់ ដែល​មាន​នាយទាហាន​ប្រកបដោយ​សមត្ថភាព និង​ការ​ប្រកួតប្រជែង មាន​ឆន្ទ​: និង​កាន់តែ​មាន​តម្លៃ​សម្រាប់​កងទ័ព​របស់​យើង​៕ ដោយ ៖ ទេព វីរៈ