នាយ​ខណ្ឌរដ្ឋបាលព្រៃឈើ​ត្បូងឃ្មុំ​​អះអាង​គ្មាន​មន្ត្រី​របស់លោក​​រងរបួសដោយ​សារអ្នក​កាង​បទល្មើស​នោះ​ទេ

ត្បូងឃ្មុំ ៖​ ក្រោយ​ពីមានការផ្ទុះ​នូវវីដេអូ​ របស់​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ដែលបាន​ចេញមុខកាង​បទល្មើស និង​ប្រើ​អំពើរហឹង្សា​លើមន្ត្រី​រដ្ឋបាល​ព្រៃឈើត្បូងឃ្មុំ ត្រូវ​បាន​លោក គឹម ឈុនលី នាយខណ្ឌ​រដ្ឋបាលព្រៃឈើ​បាន​ចេញ​របាយការណ៍​អះអាង​ថា មន្ត្រី​របស់លោក​មិន​ត្រូវ​បាន​រងរបួស​ដោយ​សារអ្នក​កាង​បទល្មើស​វាយនោះទេ។

យោងរបាយការណ៍ របស់នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដែលផ្ញើជូនប្រធានមន្ទីរកសិកម្ម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅយប់កើតហេតុនោះ ខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើតំបែរ សហការ​ជាមួយកម្លាំងអាវុធហត្ថស្នាក់ការ៧០១ កម្លាំងនគរបាលខេត្ត និងផ្នែកសឹករងខេត្តត្បូងឃ្មុំ បានចុះ​បង្ក្រាប​រថយន្ត​ដឹកឈើចំនួន២គ្រឿង ស្មើនឹងជាង៥០០គីឡូ នៅភូមិសាស្រ្តភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

របាយការណ៍​បន្តបាន​ឲ្យដឹងថា នៅពេលចុះបង្ក្រាបនោះ ស្រាប់តែមានឈ្មោះ យ៉ា សុផល ហៅ “ទៀង” ជា​មន្រ្តី​នគរបាលខេត្តត្បូងឃ្មុំ មកគំរាមកំហែង និងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្រ្តី​នគរបាលខេត្ត ជាកម្លាំងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ហើយឈ្មោះ យ៉ា​ សុផល ក៏មាន​បញ្ហា​ជាមួយ​​ឈ្មោះ​ ឃឹម ប៊ុន​ធឿន នាយរង​សង្កាត់​រដ្ឋបាលព្រៃឈើ​តំបែរផងដែរ ដោយមានការចង្អុលមុខ ហើយ​ប្រមាថ​រារាំង​និង​កាងបទល្មើសព្រៃឈើ តែជននោះពុំបានប៉ះពាល់ និងបង្ករបួសស្នាមមកលើ មន្រ្តីរដ្ឋ​បាល​ព្រៃឈើ​ទេ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានចេញមកបញ្ជាក់ថា តាម​ពិត​មន្រ្តី​នគរបាលដែលបង្កបញ្ហា និងបានរារាំង ដល់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ គឺមានអាការៈស្រវឹង នៅ​ពេល​ធ្វើដំណើរមកដល់កន្លែងកើតហេតុ។

លោកឧ​ត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ យ៉ា សុផល តួនាទីនាយរងប៉ុស្តិ៍ស្អំ នៃ​វរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕ ដោយ ៖ ហ៊ុន វីរថេត​