សម្តេច​តេជោ​ហ៊ុនសែន​អបអរសាទរខួបលើកទី៧០នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូឆ្នាំ២០១៨

ភ្នំពេញ​ ៖ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល ដែលអង្គ​ការ​សហប្រជាជាតិ បានប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិ​សេរីភាព​របស់​មនុស្ស​ជាតិ​គ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ឋិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។

ក្នុង​ផេក​សម្តេច​តេជោ ហ៊ុន សែន បានរម្លឹក​ពីក្នុង​របប​ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋ​មិន​មានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បី​សិទ្ឋិ​រស់រានមានជីវិត សិទ្ឋិទទួលទានអាហារ សិទ្ឋិពិនិត្យព្យាបាលជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ឋិសិក្សាអប់រំ សិទ្ឋិជ្រើសរើសតំណាង និងសិទ្ឋិបញ្ចេញមតិ សិទ្ឋិរៀបអាពាហ៌ពិពាហ៌ និងសិទ្ធិ​ប្រកប​ការងារជាដើម..។ល។ របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ឋិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋ​ទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់​ចោល​អស់​ជាង​៣លាននាក់ នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ។

ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ធិ​​សេរី​ភាព​របស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ឋិសេរីភាព គឺបាន​ធ្វើអោយ​ប្រជា​ពលរ​ដ្ឋ​រស់​នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើស​តាំងមេដឹកនាំ ដែលខ្លួន​ពេញ​ចិត្ត​ដោយ​សេរី ហើយសិទ្ឋិសេរីភាពក៏បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ។

សម្តេច​តេជោ ហ៊ុន សែន បាន​ជូន​ពរ​បងប្អូនជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បីឲ្យកម្ពុជា​យើង​កាន់តែរីកចម្រើន៕ ដោយ ៖ ទេព វីរៈ