មន្ត្រីកាំកុង​ត្រូលខេត្តស្វាយរៀង​ បន្តត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារវាល​យន្ត​ ស្វែង​រក​ទំនិញ​ខូចគុណ​ភាព​

ស្វាយរៀង ៖ នៅព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីកាំកុង​ត្រូល​ខេត្ត​ស្វាយរៀង​ សហការជាមួយ​មន្ត្រី​មន្ទីរពាណិជ្ជ​កម្ម​ខេត្ត​ និង​អាជ្ញាធរ​ដែនដី​ បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ជាច្រើន​មុខ ដែល​ផ្តោត​សំខាន់​លើ​ទំនិញ​ខូចគុណភាព​ និង​ហួស​កាលបរិច្ឆេទ​ នៅ​ផ្សារ​វាលយន្ត​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។

មន្ត្រី​កាំកុង​ត្រូល​ខេត្ត​ស្វាយរៀង​ បាន​ថ្លែង​ឲ្យដឹងថា មន្ត្រីជំនាញបានធ្វើ Test Kits គំរូបឋមចំនួន១២គំរូ ជាលទ្ធផល​ក្រោយ​ការចុះអនុវត្តការងារ មន្ត្រីពុំបានរកឃើញសារធាតុគីមី ដែលដាក់ក្នុងមុខទំនិញនោះទេ ហើយក្នុង​នោះមន្ត្រី​កាំកុង​ត្រូល ក៏បានពិនិត្យមើលកាលបរិច្ឆេទ ទៅលើមុខទំនិញជាគ្រឿងកំប៉ុង ដែលដាក់តាំងលក់នៅតាម​តូបនានាក្នុង​ផ្សារ​វាល​យន្ត​ផងដែរ។

មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា រាល់ការសង្ស័យទៅលើមុខទំនិញណាមួយថា មានសារធាតុគីមីនោះប្រជាពលរដ្ឋ អាច​ទំនាក់​ទំនងជាមួយមន្ត្រីកាំកុងត្រូលផ្ទាល់បាន គឺមានមន្ត្រីប្រចាំការនៅក្នុងផ្សារ និងមានឧបករណ៍ធ្វើតេស្ត រកសារ​ធាតុ​គីមីដើម្បីធ្វើយ៉ាងណា ធានាបានសុវត្ថិភាពម្ហូបអាហារ ដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ កុំឱ្យប៉ះពាល់សុខភាព។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះ​ការ​បរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បី​ចូល​រួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាម​ផ្សារ​នានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត៕​ ដោយ  ៖ ទេព វីរៈ