លោក​ យស​ បូវណ្ណៈ​ តារាសម្តែង​ជើង​ចាស់​ទស្សវត្សរ៍​៩០​វិល​ត្រឡប់​មក​សម្តែង​ឡើង​​វិញ​

ភ្នំពេញ​ ៖ តារា​សម្តែង​ជើង​ចាស់​ល្បីឈ្មោះ​កាល ក្នុង​អំឡុង​ទស្សវត្សរ៍​៩០​ លោក​ យស បូវណ្ណៈ​ បាន​ត្រឡប់​មក​កាន់វិថី​សីល្បះ​ឡើង​វិញ​ហើយ​ ក្រោយ​អវត្តមាន​ក្នុង​ការសំដែង​ជាង​២០ឆ្នាំ​កន្លងមក​ ការត្រឡប់មកលើកនេះ គឺដើម្បីចូល​រួម​ចំណែក​​ជាមួយសិល្បៈ​ និងធ្វើតាមសន្យាដែលធ្លាប់​ និយាយជាមួយទស្សនិកជនកន្លងមក។

លោក​ យស​ បូវណ្ណៈ​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ រយៈពេលជាង២០ឆ្នាំហើយ​ ដែលលោកបាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ មិនដែលបានថតភាពយន្តទេ​ ហើយបើគិតមកដល់ពេលនេះ​ តាំងពីលោកចាកចេញពីប្រទេស​ គឺធ្លាប់មក​លេង​៣ដង​ ប៉ុន្តែ១០ឆ្នាំមកនេះ​ មិនដែលមកទេ​ ទើបតែមកពេលនេះ​ ហើយឃើញថាប្រទេសរីកម្រើនណាស់​ វិស័យភាពយន្ត​បច្ចុប្បន្ន​ ក៏រីកដុះដាលទៅមុខ​ តារាសម្តែងងាយស្រួល​ មានឧបករណ៍គ្រប់គ្រាន់ទំនើបៗ​ បើប្រៀបពីមុនគឺពេលនេះ​ ជឿន​លឿន​រីកចម្រើនច្រើន។

តួឯកប្រុសក្នុងរឿង​ “បិទភ្នែកហែកទ្រូង”​ រូបនេះ​ បានប្រាប់ទៀតថា​ ការត្រឡប់មកលេងប្រទេសកំណើតលើកនេះ​ មិន​មាន​​ពេលយូទេ​ ប្រហែលតែ២០ថ្ងៃប៉ុណ្ណោះ​ ហើយគោលបំណងដែលមកនេះ​ គឺមកចូលរួមថតភាពយន្តរឿង​ “លោក​ឪពុក”​ ដែលជារឿងមួយមានការសម្រឹតសម្រាំងប្រមូលផ្តុំតារាជើងចាស់​ ជើងថ្មីសម្តែងរួមគ្នា។ លោក​ ធ្លាប់​ចូលរួម​សម្តែង​រឿងល្បីមួយចំនួន​ ក្នុងសម័យ​កាលនោះ​ មានដូចជារឿង“បិទភ្នែកហែកទ្រូង” (សម្ដែង​ជាមួយ​អ្នក​នាងអម្ពរទេវី), រឿង“ព្រាននារីអស់លក្ខណ៍ ”​(សម្ដែងជាមួយ​អ្នកនាង​ អ៊ុ​ សុវណ្ណនី), រឿង“ទាសីស្នេហ៍”​(សម្តែង​រួម​ជា​មួយ​ ចាន់​ តារាទី​)​ និង​ក្រោយៗមកទៀតជាមួយអ្នកនាង សុខ ស្រីមុំ, កែវកល្យាណនិងតារាៗល្បីៗជាច្រើនទៀត។

លោក​ អ៊ិន​ សុភិន​ ម្ចាស់ផលិតកម្មមហាហង្ស​ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា​ អរគុណចំពោះ​សិល្បករ​ជើង​ចាស់ លោក យស បូវណ្ណៈ ដែលទទួលយកការអញ្ជើញរបសផលិតកម្ម និងតបតាមការសំណូមពររបស់ទស្សនិកជន ដែល​ទទូចចង់ឲ្យតារារូបនេះវិលរកការសម្តែងជាថ្មី។​ លោក​បូវណ្ណៈ​ នឹងសម្តែងជាតួអង្គឪពុកម្នាក់​ក្នុងចំណោមឪពុក​៣​នាក់ នៅក្នុងសាច់រឿង ដែលជាឪពុកលះបង់ខ្ពស់សុខចិត្តពលិកម្មគ្រប់បែបយ៉ាង​ ដើម្បីសេចក្តីសុខ​របស់គ្រួសារ​ពិសេស​កូនៗ ហើយតារាសម្តែងរូបនេះក៏នឹងជួបសម្តែងជាមួយដៃគូចាស់គឺអ្នកស្រី ចាន់ តារាទីផងដែរ ។

គួរបញ្ជាក់ដែរថាភាពយន្ត លោកឪពុក នឹងត្រូវចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ ដែល​មាន​តារា​សម្តែង៤ជំនាន់ សម្តែងរួមគ្នាមានដូចជាលោក យស បូវណ្ណៈ, អ្នកស្រី ចាន់ តារាទី, លោក ហម ឈរ៉ា, លោក ភឹម តារាវិបុល, អ្នកនាង ភិន សុដាលីស, កុមារីសុមនា, កុមារី ជី ឈិងលីន ជាដើម៕