គួរ​ឲ្យ​រំភើប​ ! ក្រោយ​សម្តែង​លើ​ឆាក​អន្តរជាតិ​នៅប្រទេស​បារាំង​ ម៉េង​ កែវពេជ្ជតា​ និង​កូន​ជោគជ័យ​ខ្លាំង​

ភ្នំពេញ ៖​ តារាចម្រៀងល្បីឈ្មោះ​ ទឹកដមសំនៀងពិរោះរណ្តំចិត្ត​ អ្នកនាងម៉េង កែវពេជ្ជតា និងកូន​ ទើបតែបញ្ចប់​ការ​សម្តែង​ និងដំណើរកម្សាន្តនៅប្រទេសបារាំង​ មកដល់ទឹកដីកំណើតភ្លាម​ បង្ហាញស្នាមញញឹមភ្លេត​ ដោយសារ​តែការ​ចេញ​ទៅក្រៅប្រទេសនេះទទួលបានជោគជ័យ​ មានការគាំទ្រខ្លាំង​ កំឡុងពេលអ្នកនាងនិងកូនៗ​ តំណាងអោយប្រទេស​កម្ពុជា ច្រៀងនឹងសម្តែង​បង្ហាញពីវប្បធម៌ខ្មែរ នឹងសក្តានុពលទេសចរណ៌យ៉ាងសម្បូរបែប នៅប្រទេសបារាំង និង​ប្រទេស​ផ្សេងទៀតក្នុងសហគមន៌អឺរ៉ុប។

តារាចម្រៀងសម្លេងស្រទន់​មានមន្តស្នេហ៍​ អ្នកនាង​ ម៉េង​ កែវពេជ្ជតា​ បានប្រាប់អ្នកសារព័ត៌មាន​ ឲ្យដឹងពេលមកដល់​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញថា​ នាងខ្ញុំបានទៅសម្តែង នឹងច្រៀងនៅប្រទេសបារាំង រយ:ពេលជិត២ខែ​ដោយ​មិន​មាន​គម្រោងពោលដំបូង គឺទៅដើរកម្សាន្តតែប៉ុណ្ណោះ​ តែដោយសារក្រសួងទេសចរណ៌ នឹងស្ថានទូតខ្មែរប្រចាំទីនោះ មានកម្មវិធីសំខាន់ៗក៏អញ្ជើញអ្នកនាងចូលរួម​ ទើបអ្នកនាងយកពេលដំនើរកំសាន្ត ទៅធ្វើការតំណាងអោយជាតិ ហើយ​ស្ទើរតែនឹកស្មានមិនដល់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង​ ពីសំណាក់ថ្នាក់ដឹកនាំបរទេស និងបងប្អូនខ្មែរ។

ក្នុងទឹកមុខរួសរាយរាក់ទាក់ តារាចម្រៀងសម្លេងក្រអួនរូបនេះបានបន្តថា កម្មវិធីដែលអ្នកនាងទៅចូលរួមនេះ​ជា​ប្រភេទ​កម្មវិធីផ្លូវការ​ ថ្នាក់អន្តរជាតិដែលធ្វើឡើងដោយប្រទេសនីមួយៗ​ ដូច្នេះក្នុងកម្មវិធី គឺភាគច្រើន​មានតែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ តែកាន់តែមោទនភាពទៀតនោះ ភ្ញៀវបរទេសទាំងនោះបានគាំទ្រ ហ៊ោទះដៃស្ទើរមិនឈប់ នឹងចង់រាប់អាន​ស្រលាញ់​យើងកាន់តែខ្លាំង​ ធ្វើអោយអ្នកនាងនឹងកូនរឹតតែមានកម្លាំងចិត្ត​ ក្នុងការនាំនូវភាពរីកចម្រើន​សម្បូរបែបរបស់​កម្ពុជា​ បង្ហាញអោយពិភពលោកបានស្គាល់។

គួរបញ្ជាក់ថាអ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងល្បីលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា ដែលរក្សាបានតំណែង​នេះតាំងពីអ្នកនាងនៅកុមារី រហូតដល់បច្ចុប្បន្ន បទចម្រៀងមនោសញ្ចេតនារាប់ពាន់បទរបស់អ្នកនាង​ ទទួលបានការ​គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន រហូតដល់ថ្នាក់ដឹកនាំប្រទេស ក្នុងនោះបទចម្រៀង​ ដែលជាប្រវត្តិតស៊ូរជាច្រើន​បទ​របស់​ប្រមុខរាជរដ្ឋាភិបាល ដូចជាបទ​ “ទុក្ខស្រីប្តីព្រាត់”​ នឹងបទ​ “ស្ពានសាងស្នេហ៌”​ ជាដើម៕