ឆ្លើយ​តប​ភ្លាម​ៗ សុរ៉ាមភូមិ​ ជេរប្រមាថនិងមើលងាយ​ តារាជើងចាស់​ សរ​ កេសរ៉ា​ ថា​ “ឆ្គួត”

ភ្នំពេញ៖​ ជារឿងមួយ​ ដែលកាន់តែភ្ញាក់ផ្អើលថែមទៀត​ ក្រោយពីតារាសម្តែង​ លោក​ សុ​ រ៉ាមភូមិ​ បានចេញ​មុខតាមរយៈវីដេអូ​ Live ជេរប្រមាថមើលងាយ​ តារាសម្តែងជើងចាស់​ លោកស្រី​ សរ​ កេសរ៉ា​ មិនញញើតមាត់​ ដោយលោកបាននិយាយវាយប្រហារ​ មើលងាយ​ និងប្រមាថគ្រប់បែបយ៉ាង​ ថាលោកស្រីឆ្គួត​ និងប្រមាថអាយុ​ជីវិតថែមទៀត។ ការ​បង្ហាញពីចរិកឈ្លើយ​ មិនគោរពចាស់ទុំរបស់លោកបែបនេះ​ គឺបានធ្វើឡើងក្រោយពី​ លោកស្រី​ បាន​បង្ហាញពីមន្ទិលសង្ស័យ​ ដែលរឿង​ “ចងពៀរ”​ របស់​ សុរ៉ាមភូមិ​  មានសាច់រឿងស្រដៀងរឿង​ “ផ្លូវឆ្លងភព”​ ដែលផលិតកម្មលោកស្រីយកទៅឆ្លងខាងក្រសួងវប្បធម៌។

ក្រោយពីមានសារព័ត៌មានចុះផ្សាយ​ ព្រោងព្រាត​ ដោយដកស្រង់សាររបស់លោកស្រី​ សរ​ កេសរ៉ា​ ដែលមាន​មន្ទិល​ទៅលើរឿងខាងលើ​ ដែលមាន​ លោក​ សុរ៉ាមភូមិ​ ជាតារាសម្តែង​ ថាដូចសាច់រឿង​ “ផ្លូវឆ្លងភព”​ ដែលលោក​ធ្លាប់​សរសេរ​កាលពីឆ្នាំមុន​ ឲ្យផលិតកម្មលោកស្រី​ និងស្នើរឲ្យលោកនិងម្ចាស់ផលិតកម្ម​ ចេញមុខបកស្រាយ។ លោក​ សុរ៉ាមភូមិ​ ដែលជាក្មេងជំនាន់ក្រោយ​ បានបញ្ចេញប្រតិកម្មម្តងហើយម្តងទៀត​ Live Video ផង​ Comment ផង​ ជេរប្រមាថ​មើល​ងាយ​ ជាន់ឈ្លីកិត្តិយស​ លោកស្រី​ប្រៀបដូចសត្រូវ​ និយាយវាយប្រហារមិនសំចៃមាត់​ ដែលសរ​បញ្ជាក់​ឲ្យឃើញ​ពីចរិកពិតរបស់លោក​ ដែលជេរប្រមាថមនុស្សចាស់មិនញញើតមាត់ទាល់តែសោះ។

សម្រាប់ទង្វើរបស់​ តារារូបនេះបែបនេះ​ បានធ្វើឲ្យមហាជនជាច្រើន​ ប្រតិកម្មនិងចាត់ទុកថា​ជា​ ទង្វើអសីល​ធម៌​ហួស​ហេតុ​​ពេកហើយ​ បើគ្រាន់តែដាក់ការសង្ស័យនិងចង់អោយមានការបកស្រាយ​ប៉ុណ្ណឹង​ ហេតុអីក៏លោ​កបង្ហាញ​កាយ​វិការមិនសមគួ​ និងវាយប្រហារជាន់ឈ្លីលោកស្រីម្តងហើយម្តងទៀតបែបនេះ។

អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង​ គឺនៅពេលដែលលោកបានប្រើសម្តីវិភាគ​ ក្តែងថា​ លោកស្រី​ កេ​សរ៉ា​មានបញ្ហាខួរក្បាល​ ឫឆ្គួត​ មិនតែប៉ុណ្ណោះថែមទាំងនិយាយប្រមាថជីវិតគេថែមទៀត។ ដែលធ្វើឲ្យទ​ស្សនិកជនភា​គច្រើន​ហួស​ចិត្ត​ និងចាត់ទុកថាទង្វើរបស់អ្នកសិល្បៈរូបនេះ​ ធ្វើហួសហេតុខ្លាំង​ និងហាក់ដូចមិនខ្លាចរអែងអ្វីឡើយ។

បើតាមលោកស្រី​ សរ​ កេសរ៉ា​ កន្លងមកធ្លាប់បាននិយាយថា​ ចង់ឲ្យលោក​ សុរ៉ាមភូមិ​ ចេញមុខបកស្រាយ​ ដោយ​សន្តិវិធី និង​គុណធម៌​ ហើយលោកស្រីក៏មិនចង់បន្តវែងឆ្ងាយ។ តែខុសពីការរំពឹង​ លោក​ សុរ៉ាមភូមិ​ បែរជាប្រើច​រិកមិនសមរម្យ​វាយប្រហារ​ មិនសំចៃដៃ​ ដូច្នេះសម្រាប់រឿងបន្ត​ លោកស្រីឆ្លើយតបយ៉ាងណា​ ឬក៏ចាត់វិធា​នការទៅតាមផ្លូវ​ច្បាប់យ៉ាង​ណា​ យើងមិនទាន់ទាក់ទងលោកស្រីបានទេ៕