ជិះម៉ូតូទៅឌុបប្រពន្ធ ដើម្បីទៅចូលរួមដង្ហែគណបក្ស មិនទាន់បានដង្ហែផង អនិច្ចារត្រូវរថយន្តបុកស្លាប់មុន

បន្ទាយមានជ័យ៖ បុរសម្នាក់ខណះកំពុងជិះម៉ូតូបំរុងទៅឌុបប្រពន្ធ ដើម្បីទៅចូលរួមដង្ហែគណបក្ស មិនទាន់បានដង្ហែផង អ​និ​​ច្ចារត្រូវរថយន្តបុកស្លាប់ យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

រថយន្តបង្កពណ៍ស ស្លាកលេខ1541 អត់ស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមា​ន​ជ័​យ​1D-3489 បណ្តាលឲ្យ ជនរងគ្រោះជិះម៉ូតូ បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមនៅនឹងកន្លែងតែម្តង។ ជន​រង​គ្រោះ​ឈ្មោះ​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១D-៣៤៨៩ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ផ្លូវបំបែក​ជា​បួ​ន​​ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ ដែល​បើក​បោះពួយ​យ៉ាង​លឿន​មក​ពី​ទិស​ខាងកើត​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​មួយ​កំ​ណា​ត់​មុខ​។ រីឯ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សូ​រិ​យាម​រង្សី ហៅ​វត្ត​ថ្មី​ ក្នុងភូមិ​កើតហេតុ។ ចំណែក​ម៉ូ​តូ​​របស់​ជន​រង​គ្រោះ ​ដែល​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុ​ង​​ប៉ោយ​ប៉ែ​ត​ដើម្បី​បន្ត​និ​តិ​វិធី​ ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះទៅដល់ និងតាមចាប់រថយន្តបង្កនោះ យកមកដាក់ទោស ប៉ុន្តែលទ្ធផលមិនទាន់ដឹងអត្តសញ្ញាណនៅឡើតទេ ដោយសមត្ថកិច្ច​​បាន​ប្រាប់​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្ក​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​ដើម្បីចាប់រថយន្តបង្កនោះ ។

ដោយឡែកសពជនរងគ្រោះនគរបាលធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយអ្នកស្រី ម៉ក់វិច្ឆិកា