ក្រឡាប់ជាច្រើនត្រឡប់ ព្រោះគេចពីរ៉ឺម៉កកង់៣មួយគ្រឿង

រាជធានី​ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ និង​បុរស​២​នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ដែល​ជិះ​រថយន្ត​មួយ​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន រួច​គេច​ពី​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង ​ស្រាប់​ក្រឡាប់​ជា​ច្រើន​ត្រឡប់។ គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កា​ល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៥  ខែកក្កដា ឆ្នាំ​២០១៨ តាម​ផ្លូវ​៩២ ខាងលិច​ផ្សារ​អ៊ី​អន ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

នគរបាលបានឲ្យដឹងថា៖ រថយន្តដែលក្រឡាប់នោះ មានពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2U9689 បើកបរ​ដោយ​បុរស​ម្នាក់ និ​ង​​អ្ន​ក​​រួម​ដំណើរ​២​នាក់ ប្រុស​ម្នាក់​ស្ត្រី​ម្នាក់ ។ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៩២ ក្នុង​ទិ​ស​​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។

នៅ​ពេល​ធ្វើ​ដំណើរ​ មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ ធ្វើ​ដំណើរ​កាត់មុខ​ក៏​បាន​ទាញ​ចង្កូត​គេច​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ និង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ឲ្យ​រថយន្ត​ក្រពឹត​រង​ការ​ខូចខាត ។

ចំណែក មនុស្ស​ជិះ​ក្នុង​រថយន្ត ​បណ្តាល​ឲ្យ​រង​របួស​៣​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ​បាន​រង​របួសធ្ងន់។ អ្នក​រង​របួស​ពុំ​ត្រូវ​បា​ន​​ស្គាល់​អត្តសញ្ញាណ​ឡើយ ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ចំពោះ​រថយន្ត​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​ជួល​ជួល​ដោយ​ខ្លួនឯង​ផង​ដែរ ៕ដោយលោកឃួនប្លាយវី