គួរឲ្យអាសូខ្លាំងណាស់ កូនង៉ែតទើបបាន៥ខែ បានស្លាប់ដោយសាគ្រោះថ្នាក់ចរាចរណ៍

រតនគិរី ៖ យ៉ាងហោចណាស់ក្មេងស្រីដែលទើបតែមានអាយុ៥ខែ បានស្លាប់យ៉ាងអនោចអធម្ម និងមនុស្ស៣នាក់បានរងរបួ​ស​ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥នឹង៥៨នាទីព្រឹក។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបុករថយន្ត ទិសដៅស្របគ្នាពីកើតទៅលិចនៅចំណុច ទល់មុខផ្ទះជាងខុម លើផ្លូវ៧៨A ស្ថិតនៅភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ខណៈរថយន្តប្រភេទគោយន្តចតនៅខាងស្តាំផ្លូវ ហើយត្រូវរថយន្តកាម៉ារីបើកបុកពីក្រោយពេញទំហឹង។

អ្នកបើកបររថយន្តម៉ាកកាមរី ត្រូវបានគេស្គាល់ឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាវដាវ បានរងរបួសស្រាល។ អ្នករួមដំណើទី១. ជាប្រពន្ធឈ្មោះ ខាំ ស្រីនុំ អាយុ១៨ឆ្នាំ ជ​នជា​តិ​ខ្មែរ រស់នៅជាមួយគ្នា បានរងរបួសធ្ងន់ធ្ងរ ទី២.កូនឈ្មោះ លី ស្រីពីរ ភេទស្រី អាយុ៥ខែបានស្លាប់ភ្លាមៗ និងទី៣.ជាប្អូនឈ្មោះ​ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅជាមួយគ្នា រងរបួសធ្ងន់លើផ្ទៃមុខ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយឡែកម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃុំម៉ាលិក ស្រុកអណ្តូងមាស។

បច្ចុប្បន្នរថយន្តទាំងពីរ បានយកទៅរក្សាទុក នៅការិយាល័យជំនាញចរាចរណ៍ នៃស្នងការនគរបាលខេត្ត រតនគិរី ដើម្បីធ្វើការររងចាំការដោះស្រាយ តាមផ្លូវច្បាប់ ចំពោះសពកូនង៉ែតត្រូវបានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕