ស្ពានជ្រោយចង្វារ ចាស់ជួសជុលបានជិត៥០ភាគរយ គ្រោងរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩

រាជធានី​ភ្នំពេញ៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​អះអាង​ថា ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​បាន​បិទ​ធ្វើការ​ជួសជុល​ឡើង​វិញ ​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នោះ​ពេល​នេះ​ សម្រេច​បាន​ជិត​៥០​ភាគរយ ហើយ​តាម​រយៈ​ការ​ខិ​ត​ខំ​របស់​ក្រុមការងារ​ អាច​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​នេះ ឬ​រួច​មុន​ផែនការ​២​ខែ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរ​ចរណ៍​របស់​ប្រជាពលរដ្ឋ ។​

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹង​ថា៖ ក្រុមការងារ​ជំនាញ​ទាំង​ជ​ប៉ុ​ន​និង​កម្ពុជា កំពុង​សម្រុក​ការ​ជួសជុល ​គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ហើយ​មុន​ផែ​នកា​រ​ដែ​​​ល​បង្ក​លក្ខណៈ​ងាយស្រួល ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ខណៈ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ មាន​ចរាចរណ៍​មមាញឹក​ខ្លាំង ​ប្រ​ឈ​ម​​ការ​កកស្ទះ​ចរាចរណ៍ ​ជា​រៀងរាល់ថ្ងៃ ។​

លោកបន្តថា៖ តាមរយៈការប្រឹងប្រែងរបស់ក្រុមការងារ ជំនាញគម្រោងនេះ អាច​ហើយ​មុន​ផែនការ​រយៈពេល​២​ខែ ពោល​គឺ​ឲ្យហើយ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំ​២០១៩​ខាង​មុខ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរ​ចរណ៍ ​ចេញ​ទៅ​ស្រុក​កំណើត​ មិន​ប្រឈម​ការ​កកស្ទះ ។​

សូមបញ្ជាក់ផងដែរថា៖ គម្រោងជួសជុល​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​នេះ ប្រើ​រយៈពេល​ជាង​២២​ខែ​ឬ​​ ២​ឆ្នាំ ដែល​ចំណាយ​ថវិការ​ប្រ​មា​ណ​ជាង​៣៣​លាន​ដុល្លារ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់រាជ​រដ្ឋាភិបាល​ជប៉ុន ។

គួររម្លឹកផងដែរថា៖ ស្ពាននេះមានបណ្តោយ៧០៩ម៉ែត្រ បានកសាងឡើងនៅសម័យសង្គមរាស្ត្រ​និយម ក្នុងឆ្នាំ១៩៦៦ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ស្ពាននេះត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧២ ក្នុងរបបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់​នល់ ដោយសារ​ការ​ដាក់​បង្កៃគ្រាប់​មីន ​នៅ​ក្នុង​រថយន្ត បន្ទាប់​មក​ទៀត​បាន​ជួសជុល​ឡើង​វិញ និង​ស​ម្ពោ​ធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន រ​ហូត​មក​ដល់​ពេល​នេះ ៕​ដោយលោកឃួនប្លាយវី